NBC និង ​PBC ចុះ​អនុស្សរណៈ​ដើម្បី​ជំរុញ​ប្រព័ន្ធ​ទូទាត់​រវាង​កម្ពុជា និង​ចិន

NBC និង ​PBC ចុះ​អនុស្សរណៈ​ដើម្បី​ជំរុញ​ប្រព័ន្ធ​ទូទាត់​រវាង​កម្ពុជា និង​ចិន

 

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ ​(National Bank of Cambodia)​ និង​ធនាគារកណ្តាល​ចិន ​(People’s Bank of China) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ដើម្បី​ជំរុញ​នវានុវត្តន៍​ក្នុង​វិស័យ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព និង​ប្រសិទ្ធភាព​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​កម្ពុជា និង​ចិន​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ទី​​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​អនុស្សរណៈ​យោគយល់​មាន​ចំនួន​ ២ គឺ​ទី​ ១ កិច្ចសហប្រតិបត្តិការ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ទី ​២ ការបង្កើត​កិច្ច​សម្រប​សម្រួល​ក្នុងការ​ទូទាត់ និង​ផាត់ទាត់​នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ក្រៅពី​ជំរុញ​ការធ្វើ​នវានុវត្តន៍​ក្នុង​វិស័យ​ធនាគារ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ហើយ អនុស្សរណៈ​នេះ​ក៏​នឹង​កសាង​សមត្ថភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ពាណិជ្ជកម្ម ការវិនិយោគ និង​លំហូរ​ហិរញ្ញវត្ថុ​ទ្វេភាគី​រវាង​ប្រទេស​ចិន និង​កម្ពុជា​ផងដែរ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​របស់​ទូរទស្សន៍​ CNBC នៃ​ប្រ​ទេស​សិង្ហ​បុរី កាលពី​ពាក់​កណ្តាលខែ​វិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ លោកស្រី ជា​ សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញវត្ថុ​បានផ្តល់​ផលប្រយោជន៍​ជា​​ច្រើន​ដល់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​តាមបែប​ឌីជីថល ដែលមាន​ភាព​ឆាប់រហ័ស ងាយស្រួល និង​តម្លៃ​ទាប​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏បាន​ធ្វើ​បដិវត្ត​កម្ម​ក្នុង​សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ទាំង​ក្នុង និង​ក្រៅប្រទេស​ផងដែរ​។​

​លោកស្រី​បាន​បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើតឡើង​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ដើម្បី​ផ្តល់​លទ្ធភាព​ដល់​អ្នក​ប្រើ​​ប្រាស់​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ភ្លាមៗ​តាមរយៈ​ការ​ស្គេ​ន QR Code បាន​យ៉ាង​ងាយស្រួល​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍