RCEP និងCCFTA ជួយជំរុញដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

RCEP និងCCFTA ជួយជំរុញដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

 

អ្នកជំនាញបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានជួយជំរុញដល់ការអភិវឌ្ឍន៍ នៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា។

ទំហំទីផ្សារនៃពាណិជ្ជកម្មអេឡិចត្រូនិក របស់កម្ពុជាបានកើនឡើងដល់៩៧០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ កើនឡើង១៩ ភាគរយពី ៨១៣ លានដុល្លារក្នុងឆ្នាំ២០២០ នេះបើយោងតាម ​​iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការអភិវឌ្ឍន៍យ៉ាងរហ័សនៃបច្ចេកវិទ្យា និងការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិត។

លោកបានប្រាប់ Xinhua ថា “លើសពីនេះ RCEP និង CCFTA បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា”។

លោកបានបន្តថា ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យដ៏មានសក្តានុពលមួយ ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺរាតត្បាត។

លោកសុវិជាតិ បាននិយាយថា “ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ពាណិជ្ជកម្មអេឡិចត្រូនិក បានរីកចម្រើន យ៉ាងឆាប់រហ័ស ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថា កំណើននេះនឹងបន្តនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ”។

និយាយអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងប្រទេសចិនអាចជាគំរូដ៏ល្អសម្រាប់កម្ពុជាក្នុងការអនុវត្តតាម។

លោកបានបន្តថា «យើងចង់ឃើញការវិនិយោគពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនដូចជា Alibaba ឬ JD.com ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងភស្តុភារ ដូច្នេះវានឹងផ្តល់មូលដ្ឋានរឹងមាំ សម្រាប់កម្ពុជាក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនទៅកាន់ប្រទេសចិន តំបន់ និងពិភពលោក។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរ ថាមសិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២​