RCEP នឹងជួយកម្ពុជាបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

RCEP នឹងជួយកម្ពុជាបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

 

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានកត់សម្គាល់​ពី​សារៈសំខាន់​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ថា ជា​កម្លាំងចលករ​មួយ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ក្នុង​ការបញ្ចប់​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់ខ្លួន​នៅ​ឆ្នាំ​ ២០២៨​។

លោក ប៉ាន សូរស័ក្តិ បានធ្វើការ​អត្ថាធិប្បាយ​កាលពី​ថ្ងៃទី ១៤ ខែមីនា ក្នុង​សិក្ខាសាលា​ស្តីពី​ «​កិច្ចព្រមព្រៀង RCEP៖ ភាព​ពាក់ព័ន្ធ បញ្ហា​ប្រឈម និង​កំណើន​អនាគត​នៃ​អាស៊ីបូព៌ា និង​អាស៊ាន​» ដែល​បានរៀបចំ​រួមគ្នា​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ីបូព៌ា​ (ERIA) និង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ពាណិជ្ជកម្ម (TTRI) នៃ​ក្រសួង​ពាណិជ្ជកម្ម​។

លោក​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ RCEP បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២​។ ជាការ​ពិតណាស់​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ីបូព៌ា កិច្ចព្រមព្រៀង RCEP មិន​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​គឺជា​កាតាលីករ​ក្នុង​ការជំរុញ ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​តំបន់​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។ កិច្ចព្រមព្រៀង​នេះ ក៏​ជា​យន្តការ​ដែល​អាចជួយ​សង្គ្រោះ​តំបន់​ទាំង​ ២ ​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​ជា​សកល រួមមាន​ការជាប់គាំង​នៃ​ប្រព័ន្ធ​ពហុភាគី​និយម​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ការដាក់ចេញ​គោលនយោបាយ​គាំពារ​និយម​ឯកតោភាគី​នៃ​រដ្ឋ​មួយចំនួន និង​ផលប៉ះពាល់​ជាសកល​នៃ​វិបត្តិ​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា កិច្ចព្រមព្រៀង​បង្កើតជា​វេទិកា​ផ្លូវច្បាប់​ទំនើប ដែល​ជំរុញ​ប្រទេស​ឱ្យ​បង្កើត​កិច្ចព្រមព្រៀង​សេរី​បន្ថែមទៀត ដោយ​ប្រើ​កិច្ចព្រមព្រៀង RCEP ជា​គំរូ ឬ​កម្រិត​កំណត់​សេរីភាវូបនីយកម្ម និង​ធ្វើកំណែទម្រង់​ជាច្រើន ធានា​រក្សា​ស្ដង់ដា​របស់ខ្លួន ដែល​អាច​សមាមាត្រ​នឹង​កម្រិត​ដែល​កិច្ចព្រមព្រៀង​នេះ​អាច​ទទួល​យក​បាន​រួមទាំង​នៅ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និង​ស្ថាប័ន​»​។

លោក ប៉ាន សូរស័ក្តិ បាន​បន្ថែមថា​៖ «​កិច្ចព្រមព្រៀង​នេះ ក៏​ជា​កិច្ចអន្តរាគមន៍​រយៈពេល​វែង​សម្រាប់​ដំណើរ​របស់​កម្ពុជា​នៅក្នុង​ការបញ្ចប់​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់ខ្លួន​នៅ​ឆ្នាំ​ ២០២៨ និង​ការខិតខំ​ប្រឹងប្រែង ដែល​គ្រោងទុក​របស់​ប្រទេស ដើម្បី​សម្រេចបាន​នូវ​ស្ថានភាព​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០»​។

យោងតាម​របាយការណ៍​ចុងក្រោយ​ពី​ធនាគារពិភពលោក ​(WB) ចេញផ្សាយ​កាលពី​ចុងខែ​កុម្ភៈ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ទី ​៣ នៃ​ការបង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រទេស​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ​បន្ទាប់ពី​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី ខណៈ​ការនាំចេញ​របស់​កម្ពុជា​នឹងមាន​កំណើន​ប្រមាណ ៦,៥ ​ភាគរយ ដោយ​ជាប់​លេខ ៣ បន្ទាប់ពី​ប្រទេស​វៀតណាម ១១,៤​ ភាគរយ និង​ជប៉ុន ៨,៩​ ភាគរយ​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែមីនា ឆ្នំា២០២២