Samsung ចាប់អារម្មណ៍ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

Samsung ចាប់អារម្មណ៍ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

 

ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្វែងរក​អ្នក វិនិយោគិន មក​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation បានបង្ហាញ​ចំណាប់អារម្មណ៍ ចង់​មក​វិនិយោគ លើ​វិស័យនេះ ដោយសារ​មើលឃើញ សក្តានុពល និង​ឱកាស​ច្រើន​។​

ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យនេះ ឱ្យ​កាន់តែ​មានការ​រីកចម្រើន បន្ថែមទៀត កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង លោក ឡេង ធន​យុ​ទ្ធា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation ដឹកនាំ​ដោយ​លោក Han Jung Suk តាមរយៈ​ប្រព័ន្ធ​ដេ​អូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​។​

​ថ្លែង​ក្នុងជំនួប​នាឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ជម្រាបជូន អំពី​បច្ចុប្បន្នភាព នៃ​គម្រោង​សម្រេចបាន គម្រោង​កំពុង​អនុវត្ត​បន្ត និង​គម្រោង​នាពេល​អនាគត ទាក់ទង​នឹង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ជាច្រើន​ទៀត នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋលេខាធិការ បានលើកឡើង​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា ស្វាគមន៍​រាល់​ការវិនិយោគ គ្រប់​ប្រភេទ​ទាំងអស់ ជាពិសេស​ការវិនិយោគ ក្នុង​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (PPP) និង​ការវិនិយោគ ឈរលើ​គោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation ពិនិត្យ​លទ្ធភាព​វិនិយោគ លើ​ការអភិវឌ្ឍ ផ្លូវ​ល្បឿន​លឿន មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ (Mass Transit) និង​ផ្លូវ​ក្រវាត់ក្រុង រាជធានី​ភ្នំពេញ ព្រមទាំង​កំពង់ផែ​ជាដើម​៕

សម្រាប់អត្ថបទដើម​ សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ខ្មែរថាមស៍

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២