SME Bank ត្រៀមជាង $២០០ លានសម្រាប់វិស័យអាទិភាព

SME Bank ត្រៀមជាង $២០០ លានសម្រាប់វិស័យអាទិភាព

 

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Bank) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ត្រៀម​ជាង ២០០​ លាន​ដុល្លារ​ សម្រាប់​ផ្តល់​កម្ចី​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យមនៅ​កម្ពុជា​ ដើម្បី​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​ពួកគេ​ក្នុង​ការបន្ត​និរន្តរភាព​និង​ពង្រីក​អាជីវកម្ម​។

​លោក លឹម អូន អគ្គនាយក​ធនាគារ​ SME បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ថា ឆ្នាំ​ ២០២៣ នេះ SME Bank មាន​ផែនការ​ផ្តល់​ហិរញ្ញប្បទាន​ទាំង​ដោយផ្ទាល់ និង​សហ​ហិរញ្ញប្បទាន មាន​ប្រហែល​ជាង​ ២២០​ លាន​ដុល្លារ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ពិសេស​កម្មន្តសាល ឬ​ផលិតកម្ម ការកែច្នៃ កសិឧស្សាហកម្ម ព្រមទាំង​សហគ្រិន​ជា​ស្ត្រី​។​

​លោក​បន្តថា ទឹកប្រាក់​ដែល​គ្រោង​ជាង ២០០​ លាន​ដុល្លារ​នេះ សម្រាប់​ការផ្តល់​ឥណទាន​ដោយផ្ទាល់​ដល់ SMEs មាន​ ១០០​លាន​ដុល្លារ ខណៈ​ការផ្តល់​តាមរយៈ​គម្រោង​សហ​ហិរញ្ញប្បទាន​ដែល​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ជា​ដៃគូ គឺមាន​ទឹកប្រាក់​ប្រហែល ១០៨​ លាន​ដុល្លារ​ទៀត​។​

​លោក​ឱ្យដឹងថា​៖ «​ការផ្តល់​ឥណទាន​រប​ស់ធ​នាគារ SME ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​ពិតជា​ជួយ​ឱ្យ​អាជីវកម្ម​ទាំងអស់នោះ​អាចមាន​លទ្ធភាព​ក្នុងការ​ពង្រឹង និង​បន្ត​និរន្តរភាព​នៃ​ប្រតិ​ប​តិ្ត​ការ​របស់​ពួកគាត់​ទៅ​ថ្ងៃ​ខាងមុខ បន្ទាប់ពី​ការ​សាបរលាប​ជំងឺ​កូ​វីដ​ ១៩​។ នៅ​ក្នុងន័យនេះ​យើង​សង្ឃឹមថា​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍ និង​លទ្ធភាព​ក្នុងការ​ពង្រឹង​អាជីវកម្ម​ឱ្យ​កាន់​តែមាន​ភាពជោគជ័យ​ថែមទៀត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​»​។​

​លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ខែធ្នូ ឆ្នាំ​ ២០២២​ ថា ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បានគ្រោង​ថវិកា​ប្រមាណ ១០០​ លាន​បន្ថែម ដើម្បី​ផ្តល់ឱ្យ​ធនាគារ SME សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​អត្រា​ការប្រាក់​ទាប​។

សម្រាប់ពត៍មានបន្ថែម សូមចុច​ លើទីនេះ

រៀបរៀងដោយ៖ ម៉ៃ គុណមករា

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ០៨ កុម្ភះ​ ២០២៣