SME bank ប្រកាស​ដាក់​ដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន​ជំហាន​ទី​២

SME bank ប្រកាស​ដាក់​ដំណើរការ​គម្រោង​សហ​ហិរញ្ញប្បទាន​ជំហាន​ទី​២

 

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME bank) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២» ក្នុង​គោលបំណង​ជួយ​ជំរុញ​សកម្មភាព​អាជីវកម្ម​របស់ SMEs ក្នុងស្រុក​ឱ្យ​បន្តដំណើរការ​របស់ខ្លួន​ក្នុងអំឡុងពេល​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៦ ខែសីហា ឱ្យដឹងថា ធនាគារ​​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ «​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង មធ្យម ជំហាន ទី​ ២» បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​គម្រោង​ទី​ ១ រួចមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​៖ «​ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សូម​ជូនដំណឹង​ទៅដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ជ្រាបថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ក្នុង​ការអនុវត្ត​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យមជំហាន​ទី​២ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៃ​គម្រោង​ទី​១ ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ជួយ​ដល់ SMEs ដែល​កំពុង​ត្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​បន្ត​។ គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​២ ត្រូវបាន​បង្កើតឡើង និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​»​។

សម្រាប់​គម្រោង​សហហិរញ្ញប្បទាន​នេះ​មាន​គោលបំណង​ផ្តល់​ឥណទាន​មាន​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដូចជា ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​សម្រាប់​ជំនួស​ឱ្យ​ការនាំចូល បម្រើ​សេចក្តីត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ធាតុ​ចូលក្នុង​ការផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជាដើម​។

មូលនិធិ​គម្រោង​នេះ​មាន​ទឹកប្រាក់ ១០០ ​លាន​ដុល្លារ​ដែលជា​ការផ្តល់​សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង SME bank ជាមួយ​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ទាំងអស់​។

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃ​គម្រោង​ហិរញ្ញប្បទាន​នេះ​ចំនួន​ ២៦ ក្នុងនោះ ធនាគារពាណិជ្ជ ចំនួន ២១ ធនាគារ​ឯកទេស ១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៣ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ ១​។

«​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​តម្រូវការ​ឥណទាន អាចដាក់​ពាក្យស្នើសុំ​ឥណទាន​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​នេះ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​គម្រោង​សហហិរញ្ញប្បទាន​នេះ និង​លក្ខខណ្ឌ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​នីមួយៗ​»​។ នេះ​បើ​យោងតាម​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​៕

 

ដោយ: ម៉ៃ គុណមករា

ព័ត៏មាន: ភ្នំពេញ ប៉ុស្ដិ៍

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

កាលបរិច្ឆេទបោះពុម្ពផ្សាយ: ១៧ សីហា ២០២១