SME Bank ផ្តល់ឥណទានដល់ SMEs ជិត ២ ពាន់ក្នុងទំហំទឹកប្រាក់ជាង ២០០ លានដុល្លារ

SME Bank ផ្តល់ឥណទានដល់ SMEs ជិត ២ ពាន់ក្នុងទំហំទឹកប្រាក់ជាង ២០០ លានដុល្លារ

 

ភ្នំពេញៈ ធនាគារ SME Bank បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ចំនួន ១ ៨៣៤ ដែល​ទទួលបាន​ឥណទាន​ពី​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ (SCFS II) ជាមួយ​នឹង​ទំហំ​ឥណទាន​ចំនួន ២២១ លាន​ដុល្លារ ស្មើនឹង ៩២ ​ភាគរយ​នៃ​គម្រោង​ថវិកា​សរុប ២៤០ ​លាន​ដុល្លារ​។

SME Bank បាន​ឱ្យដឹង​ទៀតថា ក្នុង​នោះ​ឥណទាន​សម្រាប់​វិស័យ​អាទិភាព​មាន ៤៣ ភាគរយ ខណៈ​វិស័យ​ទូទៅ​មាន ៥៧ ​ភាគរយ និង​សហគ្រិន​ជា​ស្ត្រី ៣០ ​ភាគរយ​។

លោក លឹម អូន អគ្គនាយក​នៃ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (​ធនាគារ SME) បានលើកឡើង​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថា ដោយ​មើលឃើញ​ពី​ការទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ចេញពី​ការអនុវត្ត SCFS II និង​តម្រូវ​ការចាំបាច់​ក្នុង​ការបន្ត​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ទើប​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ផ្តល់​ថវិកា​បន្ថែម ៥០​ លាន​ដុល្លារ​ដល់​ធនាគារ SME ដើម្បី​បន្ត​អនុវត្ត SCFS II រួម​នឹង​ថវិកាបដិភាគ ៥០ លាន​ដុល្លារ​ទៀត​ពី​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ​ (PFIs)​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ថវិកា​សរុប​នៃ​គម្រោង​នេះ​នឹង​កើនឡើង​ដល់ ២៤០ លាន​ដុល្លារ (​ធនាគារ SME ១២០ លាន​ដុល្លារ និង​បដិភាគ ពី PFIs ១២០ លាន​ដុល្លារ​)»៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖​ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២