Swedfund បានបោះទុនវិនិយោគ ១០ លានដុល្លារ នៅលើ SME នៅកម្ពុជា

Swedfund បានបោះទុនវិនិយោគ ១០ លានដុល្លារ នៅលើ SME នៅកម្ពុជា

 

ក្រុមហ៊ុន Swedfund បាន​បោះទុន​វិនិ​យោគ ១០​លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​ទីផ្សារ​កំពុង​លូត​លាស់​នៅ​ក្នុង​តំបន់​អាស៊ាន (AFMF) គឺ​ប្រទេស​កម្ពុជា និង​ឡាវ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​រួម​ចំណែក​ដល់​ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ រួម​ទាំង​តាម​រយៈ​ការ​លើក​កម្ពស់​ សមភាព​យេនឌ័រ ភាព​ធន់​នឹង​អាកាស​ធាតុ ស្តង់ដា ESG និង​បរិយា​ប័ណ្ណ​ហិរញ្ញវត្ថុ​ផងដែរ​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ពី Swedfund ​ដែលជា​ក្រុម​ហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត (A.B.) ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​ស៊ុយអែត ​នៅ​ថ្ងៃទី​២៧​ ខែមីនា កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​​ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២២ ​មកម្ល៉េះ​។​

ក្រុម​ហ៊ុន​នេះ​លើក​ឡើង​ថា​៖​«​នេះ​គឺជា​ការ​វិនិយោគ​ដំបូង​របស់ ​Swedfund​ នៅក្នុង​មូលនិធិ​ដែល​ផ្តោត​លើ​ប្រទេស​កម្ពុជា និង​ឡាវ​។ AFMF នឹង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ ​Emerging Markets Investment Advisers (EMIA) ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​មូលនិធិ​ដោយ​ប្រទេស​សិង្ហ​បុរី​ផ្តោត​លើ​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​សេដ្ឋ​កិច្ច​កំពុង​រីក​លូត​លាស់​»​។​

ប្រទេស​កម្ពុជា និង​ឡាវ គឺ​ជា​ឧទាហរណ៍​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​យោង​ទៅ​តាម​បញ្ជី​របស់​អង្គការ OECD/DAC ស្ថិត​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។ AFMF ផ្តល់​ដើមទុន​ដើម្បី​ពង្រឹង និង​ពង្រីក​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​តម្រង់ទិស​ដោយ​កំណើន​ក្នុង​តំបន់ ដែលជា​តួអង្គ​សំខាន់​ក្នុង​វិស័យ​ឯកជន ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

លោកស្រី Sofia Gedeon ប្រធាន​ផ្នែក​និរន្តរភាព​សហគ្រាស​របស់​ Swedfund ​បាន​ឱ្យ​ដឹង​ថា ការ​វិនិ​យោគ​នេះ​នឹង​បង្កើត​ការ​ចូល​រួម​របស់​ពួក​គេ​ជា​មួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​AFMF និង​ធ្វើ​ឱ្យ​អាជីវ​កម្ម​ប្រសើរ​ឡើង និង​ការ​បង្កើត​ការងារ​របស់​ពួកគេ​។​

សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ ម៉ៃ គុណមករា

ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ៣០ មិនា ២០២៣