USAID សហការជាមួយក្រុមហ៊ុន ២ ដើម្បីវិនិយោគលើចង្វាក់ផ្គត់ផ្គង់ត្រជាក់

USAID សហការជាមួយក្រុមហ៊ុន ២ ដើម្បីវិនិយោគលើចង្វាក់ផ្គត់ផ្គង់ត្រជាក់

 

ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ​(USAID) សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ២ បាន​ចំណាយ​ថវិកា​ខ្ទង់ ២ ​លាន​ដុល្លារ ដើម្បី​វិនិយោគ​រួមគ្នា​លើ​ចង្វាក់​ផ្គត់ផ្គង់​ត្រជាក់​ (Cold Chain)​ សមត្ថភាព​ផ្ទុក​ផលិតផល​កសិកម្ម និង​ភ័ស្តុភារ​នៅ​កម្ពុជា​។

ភាពជា​ដៃគូ​នេះ​នឹង​ជំរុញ​ការប្រកួត​ប្រជែង​សេដ្ឋកិច្ច​របស់​ប្រទេស និង​បរិយាប័ន្ន ដោយ​បំពេញ​ចន្លោះ​ប្រហោង​នៃ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ដោះស្រាយ​ឧបសគ្គ​នៃ​ប្រព័ន្ធ​ទីផ្សារ​ចំពោះ​ឱកាស​នាំចេញ-​នាំចូល ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ជ្រៀតចូល​ទីផ្សារ​សម្រាប់​កសិករ​ខ្នាតតូច និង​ធុរកិច្ច​ដែល​ដឹកនាំ​ដោយ​ស្ត្រី និង​យុវជន​។ ក្នុងនោះ​ក្រុមហ៊ុន Khmer Cold Chain និង​ក្រុមហ៊ុន Amru Rice នឹង​បង្កើត​ធ្វើតេស្ត និង​ដំណើរការ​កន្លែង​ទុកដាក់​ត្រជាក់ សេវាកម្ម​ និង​សមត្ថភាព​ដឹកជញ្ជូន​កសិកម្ម​នៅ​កម្ពុជា ដោយ​បង្កើត​នូវ​ចង្វាក់​ផ្គត់ផ្គង់​ដែលមាន​សុវត្ថិភាព និង​មានការ​គ្រប់គ្រង​ដោយ​សីតុណ្ហភាព​។

លោកស្រី Nancy J. Eslick នាយិកា​នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បាន​និយាយថា ភាពជា​ដៃគូ​របស់ USAID ជាមួយ​ក្រុមហ៊ុន​កម្ពុជា គឺ​ជួយ​កាត់បន្ថយ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ ដូចនេះ​ពួកគេ​អាចធ្វើ​តេស្ត និង​លើកកម្ពស់​ដំណោះស្រាយ​ជោគជ័យ ព្រមទាំង​ជំរុញ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​សមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​អន្តរជាតិ​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្នុង​ភាពជា​ដៃគូ​រយៈពេល ២​ ឆ្នាំនេះ Khmer Cold Chain ដែលជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ភ័ស្តុភារ​ទុកដាក់​ត្រជាក់​នឹង​ចូលរួម​វិនិយោគ​មូលនិធិ​របស់ខ្លួន​ចំនួន ១ ​លាន​ដុល្លារ និង​បូករួម​បន្ថែម​មូលនិធិ​ពី​រដ្ឋាភិបាល​អាមេរិក និង​វិស័យ​ឯកជន​ប្រមាណ ១ ​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ដំណើរការ​ប្រព័ន្ធ​ទុកដាក់​ត្រជាក់ ដែល​ផ្តល់ឱ្យ​កសិករ​ទទួលបាន​តម្លៃ​ប្រសើរ​ជាង​មុន​ពី​ទំនិញ​របស់​ពួកគេ​ឱ្យ​ពួកគេ​អាច​លក់​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ធានាថា អ្នក​ប្រើប្រាស់​ទទួលបាន​ទំនិញ​ប្រកបដោយ​គុណភាព​ខ្ពស់​»​។

លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន Amru Rice Cambodia បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ចំពោះ​ចង្វាក់​ផ្គត់ផ្គង់​បន្លែ​នេះ នឹង​បង្កើន​សក្តានុពល​ដល់​កសិករ​ខ្មែរ​ក្នុង​ការផលិត​កសិផល​ប្រកប​ដោយ​គុណភាព ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ក្នុង​គោលបំណង​កែលម្អ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​ផលិត និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំចូល​បន្លែ​ពី​ក្រៅប្រទេស ។

លោក​អះអាងថា​៖ «​អ្វីដែល​យើង​បាន​សិក្សា​ឃើញ​នោះ គឺ​ប្រទេស​កម្ពុជា​ទាំងមូល​អាច​ផ្គត់ផ្គង់​បន្លែ​ខ្លួនឯង​បានតែ​ ៥០ ​ភាគរយ​ទេ​នៅ​រដូវប្រាំង ខណៈដែល​រដូវវស្សា​ផ្គត់ផ្គង់​បាន​តិច​ជាងនេះទៀត ដោយសារ​កសិករ​យើង​គាត់​ដាំ​ដុះ​បន្លែ​តាម​រដូវកាល ដូចនេះ​យើង​ត្រូវតែ​ចងក្រង​ប្រមូលផ្តុំ​គាត់ ដើម្បីឱ្យ​គាត់​ក្លាយជា​កសិករ​ពាណិជ្ជក​រ »​។

បើតាម លោក កាន់ គន្ធី ក្រុមហ៊ុន Amru Rice ដែលជា​ក្រុមហ៊ុន​ផលិត​ចំណីអាហារ និង​នាំចេញ​កសិផល​មួយចំនួន​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ដូចជា អង្ករ ដំឡូងមី ស្វាយចន្ទី និង​ម្រេច​នឹង​វិនិយោគ​ដោយ​ប្រើប្រាស់​ទុន​ផ្ទាល់ខ្លួន​ប្រមាណ ៦០ ​ម៉ឺន​ដុល្លារ និង​បូករួម​មូលនិធិ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្រមាណ​ ៤០ ​ម៉ឺន​ដុល្លារ​បន្ថែមទៀត​ ដើម្បី​បង្កើត​បន្ទប់​រក្សាទុក​ត្រជាក់​នៅ​ជិត​ការិយាល័យ​កណ្តាល​របស់ខ្លួន និង​នៅ​ជិត​បណ្តា​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម ព្រមទាំង​បាន​បង្កើត​កន្លែង​ទុកដាក់​ត្រជាក់ និង​បណ្តាញ​ភ័ស្តុភារ​ដល់​អ្នកផ្គត់ផ្គង់​កសិករ​ខ្នាតតូច​ផងដែរ​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២