ក្រសួងពាណិជ្ជកម្មស្នើស្ថានទូតតួកគីកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដោយក្រសួងបញ្ជាក់ថា កម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។
ការស្នើនេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ៣ ខែឧសភា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា អមដោយលោកស្រី Zore Aksahin Simsek ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី។
ភាគីទាំង ២ បានពិភាក្សាលើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកស្រី តឹករ៉េត កំរង ថ្លែងថា លោកស្រី Ulku ជានិច្ចកាល បានខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ហើយលោកស្រី តឹករ៉េត កំរង ក៏បានលើកឡើងអំពីកាលានុវត្តភាពធុរកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។
ហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបញ្ជាក់នាថ្ងៃទី៤ ខែឧសភាថា៖ «លោកជំទាវរដ្ឋលេខាធិការ [លោកស្រី តឹករ៉េត កំរង] បានស្នើលោកជំទាវអគ្គរដ្ឋទូត និងលោកស្រីទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប រួមមាន កៅស៊ូ ដំឡូងមី ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម»។
សម្រាប់ពត៍មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ រី សុចាន់
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៥ ឧសភា ២០២៣
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។