ក្រសួងពាណិជ្ជកម្ម ស្នើស្ថានទូតតួកគីកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម ស្នើស្ថានទូតតួកគីកៀរគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា

 

ក្រសួងពាណិជ្ជកម្ម​ស្នើ​ស្ថានទូត​តួ​ក​គី​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល ដោយ​ក្រសួង​បញ្ជាក់ថា កម្ពុ​ជាមាន​វត្ថុធាតុដើម​សម្បូរបែប។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​កាលពី​ថ្ងៃទី ៣ ខែឧសភា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម រវាង​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា អមដោយ​លោកស្រី Zore Aksahin Simsek ទីប្រឹក្សា​ពាណិជ្ជកម្ម​ដំបូង​នៃ​ស្ថានទូត​តួកគី។

​ភាគី​ទាំង ២ បាន​ពិភាក្សា​លើ​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត។

​លោកស្រី តឹក​រ៉េត កំរង ថ្លែងថា លោកស្រី Ulku ជានិច្ចកាល បាន​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង ២ ហើយ​លោកស្រី តឹករ៉េត កំរង ក៏បាន​លើកឡើង​អំពី​កាលានុវត្តភាព​ធុរកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​បញ្ជា​ក់នា​ថ្ងៃទី​៤ ខែឧសភា​ថា​៖ «​លោកជំទាវ​រដ្ឋលេខាធិការ [​លោកស្រី តឹករ៉េត កំរង] បានស្នើ​លោកជំទាវ​អគ្គរដ្ឋទូត និង​លោកស្រី​ទីប្រឹក្សា​ពាណិជ្ជកម្ម លើកទឹកចិត្ត​និង​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​មក​បណ្តាក់ទុន​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល ដែល​កម្ពុជា​មាន​វត្ថុធាតុដើម​សម្បូរបែប រួមមាន កៅស៊ូ ដំឡូង​មី ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម»។

សម្រាប់ពត៍មានបន្ថែម សូមចុចលើទីនេះ។

 

រៀបរាងដោយ៖ រី សុចាន់
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៥ ឧសភា ២០២៣