សិក្ខាសាលាលើកទី២ស្តីពីការផ្សព្វផ្សាយគេហទំព័រKhmerSME និងASEAN Access

សិក្ខាសាលាលើកទី២ស្តីពីការផ្សព្វផ្សាយគេហទំព័រKhmerSME និងASEAN Access

 

កាលពីថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២១​ សិក្ខាសាលាផ្សព្វផ្សាយលើកទី២ នៃគេហទំព័រKhmerSME (https://www.khmersme.gov.kh/) និង    គេហទំព័រASEAN Access (https://www.aseanaccess.com/) ត្រូវបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ដើម្បី​ផ្សាយដំណឹងដល់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យកាន់តែយល់ដឹងច្បាស់អំពី​សារសំខាន់គេហទំព័រទាំងពីរក្នុងការគាំទ្រកំណើនអាជីវកម្មរបស់គាត់ និងជួយ​អាជីវកម្ម​ទាំងនោះ ពង្រីកបណ្តាញ​ទំនាក់ទំនងទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន និងលើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនោះ មានអ្នកចូល​រួមចំនួន ៩០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមនៅខេត្តសៀមរាប មន្ត្រីមកពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាសាធារណជនទូទៅបានស្វែងយល់លម្អិតអំពីគេហទំព័រKhmerSME និងគេហទំព័រASEAN Access អំពីដំណើរការនៃការចុះឈ្មោះជាមួយគេហទំព័រKhmerSME និងASEAN Access។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានសហការ​រៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង់ ក្រោមគម្រោង “ពង្រឹងរចនាសម្ព័ន្ធសម្រាប់លើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន” (ASEAN-SME) អនុវត្តដោយទីភ្នាក់ងារ ជីអាយហ្សិត (GIZ)។

ការផ្សព្វផ្សាយលម្អិតអំពីគេហទំព័រទាំងពីរនេះ គ្រោងនឹងរៀបចំធ្វើក្នុងខេត្ត/ក្រុងគោលដៅសំខាន់ៗដូចជា ក្រចេះ បាត់ដំបង និងព្រះសីហនុ សម្រាប់ឆ្នាំ២០២២។

 

អត្ថបទ និងរូបភាពដោយ: GIZ Cambodia